ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ក្រុងប៉េកាំងៈ ក្រុមហ៊ុនបុត្រសម្ព័ន្ធផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Alibaba Group Holding កំពុងរៀបចំផែនការទិញយកភាគហ៊ុនចំនួន ២០ ភាគរយនៅក្នុងក្រុមហ៊ុន Ascend Money របស់ប្រទេសថៃ និងជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនផ្តល់សេវាផ្ទេរប្រាក់ True Money ក្នុងគោលបំណងក្លាយជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុសំខាន់មួយក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។
ក្រុមហ៊ុន Zhejiang Ant Small & Micro Financial Services Group ដែលគេស្គាល់ថាជាក្រុមហ៊ុន Ant Financial ដែលត្រូវបានគ្រប់គ្រងដោយលោក Jack Ma សហស្ថាបនិកក្រុមហ៊ុន Alibaba ក៏អាចនឹងបង្កើនការកាន់កាប់ភាគហ៊ុនក្នុងក្រុមហ៊ុន Ascend Money របស់ខ្លួនរហូតដល់ ៣០ ភាគរយផងដែរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងពាណិជ្ជកម្មចិន។ បច្ចុប្បន្នក្រសួងពាណិជ្ជកម្មចិនកំពុងវាយតម្លៃពីផែនការនេះ។
ការវិនិយោគនៅក្នុងក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន True Money និងក្រុមហ៊ុន Ascend Nano នឹងជួយឲ្យក្រុមហ៊ុន Ant Financial បង្កើនការទូទាត់តាមអនឡាញរបស់ខ្លួន និងអាជីវកម្មឥណទានខ្នាតតូចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ក្រុមហ៊ុនដែលត្រូវបានគេវាយតម្លៃថាមានតម្លៃប្រមាណជា ៦០ ពាន់លានដុល្លារនេះកំពុងអនុវត្តតាមមហិច្ឆតារបស់លោកមហាសេដ្ឋី Jack Ma ក្នុងការពង្រីកអាជីវកម្មនៅទូទាំងពិភពលោកខណៈក្រុមហ៊ុននេះបណ្តាក់ទុនរួមគ្នានៅតាមប្រទេសនានាដូចជាកូរ៉េខាងត្បូង និងឥណ្ឌាជាដើម។
ក្រុមហ៊ុន Ascend Group បានបំបែកខ្លួនចេញពីក្រុមហ៊ុន True Corporation និងក្លាយជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន CP Group របស់ថៃដែលមានចំណាប់អារម្មណ៍ក្នុងវិស័យកសិកម្ម អាជីវកម្មលក់រាយ និងទូរគមនាគមន៍។
ឥណទានបុគ្គល
ក្រុមហ៊ុន Ascend Nano unit គឺជាក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុ និងជាក្រុមហ៊ុនផ្តល់ឥណទានបុគ្គលដែលមានបុគ្គលិកនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ គោលដៅរបស់ក្រុមហ៊ុននេះគឺដើម្បីពង្រីកពាណិជ្ជកម្ម និងសេវាទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកនៅតាមកន្លែងនានាដែលអ្នកប្រើប្រាស់ជាច្រើនខ្វះគណនីធនាគារ ដូចជានៅប្រទេសមីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ីជាដើម។
ក្រុមហ៊ុន True Money ផ្តល់ប័ណ្ណសាច់ប្រាក់ និងកាបូបលុយអេឡិចត្រូនិក និងទទួលបានអាជ្ញាប័ណ្ណផ្តល់សេវាហិរញ្ញវត្ថុនៅតាមទីផ្សារសំខាន់ៗក្នុងតំបន់អាស៊ីអាគ្នេយ៍។
កាលពីខែមេសាលោក Punnamas Vichitkulwongsa នាយកប្រតិបត្តិក្រុមហ៊ុន Ascend Group បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថាក្រុមហ៊ុនរបស់ខ្លួននឹងចំណាយថវិកា ៦ ពាន់លានបាត (១៧០ លានដុល្លារ) លើការពង្រីកអាជីវកម្មក្នុងឆ្នាំនេះហើយថវិកាចំនួន ៨៣ ភាគរយនៃថវិកានេះនឹងត្រូវចំណាយនៅខាងក្រៅប្រទេសថៃ។
ក្រុមហ៊ុន Ant Financial បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលមួយថា៖ «ការវិនិយោគដែលកំពុងដំណើរការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការពង្រីកអាជីវកម្មជាលក្ខណៈអន្តរជាតិ និងដើម្បីនាំមកនូវលទ្ធភាពស្មើគ្នានៃការទទួលបានសេវាហិរញ្ញវត្ថុដល់អ្នកប្រើប្រាស់កាន់តែច្រើននៅជុំវិញពិភពលោក»។
លោកបានបន្តថា៖ «ការវិនិយោគនេះនៅជាប់លក្ខខណ្ឌនៃការអនុម័តពីផ្នែកប្រឆាំងនឹងប្រកបអាជីវកម្មផ្តាច់មុខរបស់ក្រសួងពាណិជ្ជកម្មចិន»៕ BP
0 comments:
Post a Comment